ប្រឡងសិស្សពូកែឆ្នាំនេះបេក្ខជនមកពីខេត្តជាប់ច្រើនជាងភ្នំពេញ


ប្រឡងសិស្សពូកែឆ្នាំនេះបេក្ខជនមកពីខេត្តជាប់ច្រើនជាងភ្នំពេញ

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាល័យជា ស៊ីម សន្ធរមុខដោយមានសិស្សានុសិស្សចូលរួមចំនួន២៤០នាក់ស្រី១២៧នាក់ ក្នុងនោះនឹងត្រូវបានជ្រើសរើសជាជ័យលាភីសរុប៣០នាក់ ដោយថ្នាក់ទី៩ចំនួន១៥នាក់ និងថ្នាក់ទី១២ ចំនួន១៥នាក់។យោងតាមលទ្ធផលប្រឡងសិស្សពូកែដែលក្រសួងអប់រំបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៦ឧសភាបានឱ្យដឹងថានៅរាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់សិស្សពូកែចំនួន៥នាក់ក្នុងនោះថ្នាក់ទី៩ជាប់៤នាក់និងថ្នាក់ទី១២ជាប់១នាក់ខណៈខេត្តព្រៃវែងមាន ជាប់៦នាក់ក្នុងនោះថ្នាក់ទី៩ជាប់៣នាក់និងថ្នាក់ទី១២ជាប់៣នាក់។ ការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យានិងរូបវិទ្យា ថ្នាក់ទី៩និងថ្នាក់ទី១២នៅទូទាំងប្រទេសនៅឆ្នាំ២០២៤នេះក្រសួងជ្រើសរើសយកតែចំណាត់ថ្នាក់លេខ១ដល់លេខ៥ប៉ុណ្ណោះ។ក្នុងនោះចំណាត់ថ្នាក់លេខ១ទទួលបានថវិកា៣លាន៥សែនរៀល លេខ២បាន៣លាន២សែនរៀលលេខ៣បាន២លាន៩សែនរៀលលេខ៤បាន២លាន៦សែនរៀលនិងលេខ៥បាន២លាន៣សែនរៀល។សិស្សជ័យលាភីក៏អាចនឹងទទួលប្រាក់រង្វាន់និងវត្ថុផ្សេងៗទៀតពីសប្បុរសជនផងដែរ៕