ឯកឧត្តម ប៉េង ពោធិ៍នា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក និងជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា

ឯកឧត្តម ប៉េង ពោធិ៍នា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក និងជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា

 

ខេត្តតាកែវ ÷ នាព្រឹកថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអមដំណើរ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

 

គោលបំណងនៃការចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក ក៏ដូចជាស្វែងយល់អំពីតម្រាយ ផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។ គណៈប្រតិភូបានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកដោយជិះកាណូត-អូប័រ ចាប់ពីព្រែកតាហ៊ីង នៃស្រុកកោះធំ ខេត្តកណ្តាល ទៅទីរួមស្រុកអង្គរបូរី ខេត្តតាកែវ ដោយឆ្លងកាត់តាមព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី រួចបន្ដទៅស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម។ បន្ទាប់មកទៀតគណៈប្រតិភូបានបន្តដំណើរពីទីរួមស្រុកអង្គរបូរីទៅក្រុងដូនកែវនៃទីរួមខេត្តតាកែវ តាមប្រឡាយ១៥ និងបន្តដំណើរពិនិត្យទីតាំងគ្រោងសាងសង់សន្ទះ ផ្លូវទឹក នៅត្រង់ទំនប់អូរពុំ ខេត្តតាកែវ ដែលទ្វារទឹកនេះ ជាផ្នែកមួយក្នុងចំណោមទ្វារទឹកចំនួន៣។

 

បេសកកម្មនេះធ្វើឡើងដើម្បីបញ្ជាក់អោយបានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្តគ្រោងឱ្យបានលឿនទៅមុខ និងទាន់ពេលវេលា។

 

គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ និងបង្កើនអធិបតេយ្យភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយ ពេលវេលា ចម្ងាយ ថវិកា នីតិវិធីសម្រាប់នាវានិងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនផ្លូវទឹកតាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយ ដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវថ្នល់៕