ឯកឧត្តម​អភិបាល​ខេត្តតាកែវ បន្ត​យុទ្ធនា​ការចុះ​ចែក​អំណោយ​ផ្ដល់ជូន​ពលរដ្ឋ​ខ្វះខាត ៨០​គ្រួសារ មកពី​ប្រាំ​ឃុំ ក្នុងស្រុកអង្គរបូរី


តាកែវ​÷ នៅ​ព្រឹក ថ្ងៃ​សុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ រួមជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោក ឌឹ​ម គឹម​សាន អភិបាលស្រុក​អង្គរ​បូរី មន្ត្រីរាជការ​សាលាស្រុក បាន​នាំយក​អំណោយ​ផ្ដល់​ពលរដ្ឋ​ក្រក្រី ៨០​គ្រួសារ មកពី​ឃុំ​ចំនួន​៥ ក្នុងស្រុក​អង្គរ​បូរី ខេត្តតាកែវ​។​


​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ភ្លេច​ឲ្យ​សោះ អំពី​វិធាន​ការអប់រំ​ណែនាំ វិធានការ​បង្ការ និង​ទប់ស្កាត់ អំពី​រីក​រាល ដាល​នៃ​មេរោគ​កូ​វីដ​១៩ កុំអោយ​មាន​ឆ្លង​នៅ​សហគមន៍​របស់​យើង ហើយ​ជាពិសេស​ត្រូវមាន​ការចូល​រួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ដោយ​ត្រូវធ្វើ​អនាម័យ​ជាប្រចាំ ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល​អោយបាន​ញឹកញាប់ នឹងត្រូវ​ពាក់​ម៉ាស់ ឬ​ប្រើប្រាស់​កន្សែង​ជាប្រចាំ ដើម្បី​ការពារ​ការឆ្លង​នូវ​មេរោគ​កូ​វីដ​១៩ នេះ​។


​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រហូតមកដល់​ពេលនេះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្តតាកែវ​បាន​បន្តសកម្មភាព​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការចាក់​មេក្រូ​នៅតាម​ភូមិ តាម​វត្ត​អា​រ៉ា​ម​នានា និង​ចុះ​អប់រំ​ដល់​ខ្នង​ផ្ទះ​ប្រជា​ពលករ​ដែល​ទើប​វិល​ត្រលប់​ពី​ក្រៅប្រទេស​ពី​វិធី​បង្ការ​និង​វិធាន​ការការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​តាមរយៈ​ការ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ​ផងដែរ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ ១៩​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​រលក​ទី​២​នេះ​។​


​សូម​បញ្ជាក់ដែរថា អំណោយ​ដែល​ទទួលបាន​ពី​សប្បុរសជន​នានា ប្រគល់ជូន​គ្រួសារ​ខ្វះខាត​ទាំង ៨០​គ្រួសារ ក្នុង​មួយ​គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម អំបិល​១​គីឡូ ប៊ីចេង​១​គីឡូ ទឹកត្រី​១​យួរ មី​២៥​កញ្ចប់ អាលកុល​១​ដប សាប៊ូ ២​ដុំ និង​ក្រ​ម៉ា ១ ផងដែរ ទុក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោះស្រាយបាន​មួយ​រយះពេល​ផងដែរ​៕