ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន អញ្ជើញប្រកាសផ្ទេរភារកិច្ចអភិបាលរង ស្រុកកំពង់សិលា
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០–
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចអភិ បាលរងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដមជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការនៃសាលាស្រុកកំពង់សិលា ។ ពិធីប្រកាសផ្ទេរភារកិច្ចនេះ រៀបចំនៅសាលាស្រុកកំពង់សិលា កាលពីរសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសលេខ ២៣២៨ប្រក ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការឱ្យកាន់មុខតំណែងជាអភិបាលរងស្រុកកំពង់សិលា ខេត្តព្រះសីហនុ លោក ទេព មុនី ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ ឱ្យទៅកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកកំពង់សិលា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នេះជាការផ្លាស់ប្តូរការងាររបស់មន្ត្រីរាជការ ដែលបានបំពេញការងារជាអភិបាលរងស្រុករយៈពេល៨ឆ្នាំ ស្របតាមមាត្រា១៤៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលអភិបាលអភិបាលរងមានអាណត្តិការងារ ៤ឆ្នាំ។
ឯកឧត្ដមអភិបាលខេត្ដបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ការងារមួយចំនួនក្នុងការការងារសន្តិសុខ និងនយោបាយក្នុងមូលដ្ឋាន ដោយទទួលខុសត្រូវ ឯកភាពរួមគ្នាដោះស្រាយ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។ រៀបចំសណ្តាប់ធ្នាប់សាធារណប្រកបដោយតម្លាភាព ថែរក្សាដីចំណីផ្លូវ ឬគម្របព្រៃឈើរបស់រដ្ឋឱ្យមានប្រសិទ្ធភាព ហើយក្នុងឆ្នាំ២០២០ ថវិកាអភិវឌ្ឍន៍មូលដ្ឋានរបស់ថ្នាក់ក្រោមជាតិមានការកើនឡើង ដូច្នេះយើងរួមគ្នាប្រើប្រាស់កញ្ចប់ថវិកាទទួលបានលទ្ធផលផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋ ត្រូវរៀបចំផែនការអាទិភាព ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
ចំពោះការងារជួយសង្គ្រោះ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយចុះពិនិត្យ និងវាយតម្លៃគ្រួសារក្រីក្រដែលខ្វះខាតស្បៀងដែលជួបវិវិបត្តិកូវីដ-១៩, ដោយឡេករបៀបរបបការងារ ត្រូវបែងចែកការងារ ភារកិច្ចដល់មន្ត្រីក្រោមឱវាទ ដោយអនុវត្តន៍តាមច្បាប់ មិនត្រូវធ្វើការងារតាមទម្លាប់ បង្កើនសមត្ថភាពមន្ត្រី។ ការផ្សព្វផ្សាយ មេឃុំ ស្មៀន ត្រូវបង្កើតហ្វេសប៊ុក ឬផេក ដើម្បីបង្ហោះសកម្មភាពការងារ ហើយនៅឆ្នាំ២០២១ខាងមុខ រដ្ឋបាលខេត្ត និងដាក់ឱ្យធ្វើការប្រឡងប្រណាំងការងារបម្រើសេវាសាធារណៈនៅតាមឃុំ សង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ហើយបន្ថែមពីនេះទៀតអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកាត់បន្ថយទំនាស់ រួមគ្នាដោះស្រាយប្រកបដោយតម្លាភាព។
ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព បង្កើនការពង្រឹងសមត្ថភាពដល់រដ្ឋបាលស្រុក រដ្ឋបាលឃុំ ដើម្បីឆ្លើយតបតាមតម្រូវការ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការអនុវត្តឱ្យកាន់តែខ្លាំងក្លានូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពង្រឹងការអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗទៀត ៕