អភិបាលខេត្ត ដឹកនាំសម្អាតអនាម័យបរិស្ថាន​ និងផ្សព្វផ្សាយពីវិធីបង្ការការពារ​ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតំបន់រមណីយដ្ឋាន បឹងយក្សឡោម

SLP  រតនគិរីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោ ស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី​ និង ជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា(ស.ស.យ.ក.) ខេត្ត បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. ជាង ៦០នាក់ ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាន រើសសំរាម និង ផ្សព្វផ្សាយពីវិធីបង្ការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩​ នៅតំបន់រមណីយដ្ឋានធម្មជាតិបឹងយក្សឡោម ក្រុងបានលង់ ខេត្តរតនគិរី ។

ក្នុងឱកាសនេះឯកឧត្តម​ ថង​ សាវុន មានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្លាំង ក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថាន ដោយបានរួមសហការជាមួយមន្ទីរ អង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុដើម្បីបរិស្ថានស្អាតក្នុងក្រុង ស្រុក ក៏ដូចជាតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាផងដែរ។

ការចុះសម្អាតបរិស្ថានតាមតំបន់រមណីយដ្ឋានធម្មជាតិបឹងយក្សឡោម ពីសំណាក់ប្អូនៗក្មួយៗ ស.ស.យ.ក. ពេលនេះគឺជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការសម្អាតអនាម័យបរិស្ថាននៅតាមតំបន់ទេសចរណ៍ឱ្យបានស្អាត​ និងមានសោភណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ មកលេងកម្សាន្តក្នុងកាលៈទេសៈនៃការថមថយវិបត្តិកូវីដ-១៩ ឬក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ នៅព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។​ ​ដូចនេះហើយទើបសហភាព សហព័ន្ធ យុវជន កម្ពុជាខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ចូលរួមថែរក្សា សម្អាតតាមបណ្តារតំបន់ទេសចរណ៍ផ្សេងៗឱ្យមានសោភណភាព ស្របតាមគោលការណ៍របស់រដ្ឋបាលខេត្ត ដែលកំពុងយកចិត្តទុកដាក់បើកយុទ្ធនាការសម្អាតជាប្រចាំផងនោះ។

ទាក់ទង​នឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកល ឯកឧត្តមបានដាស់តឿនក្រើនរំម្លឹកដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិបឹងយក្សឡោម ធ្វើយ៉ាងណាត្រូវចូលរួម​ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈការលាងសម្អាតដៃជាប្រចាំ និងសម្អាតបរិស្ថានជុំវិញទីប្រជុំជន​ និងទីតាំងកន្លែងលក់ដូររបស់ខ្លួនហើយត្រូវដាក់ឡាបូលាងដៃ​ និងទឹកអាល់កុល ឬជែលដើម្បីឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់មានការទុកចិត្តទៅលើអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចាក់មេក្រូផ្សព្វផ្សាយសារអប់រំពីវិធីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជាពីរភាសា គឺ ភាសាជនជាតិដើមភាគតិច​ និងភាសាខ្មែរ ព្រមទាំងចែកជូនម៉ាសដល់ភ្ញៀវទេសចរចំនួន ៣០០ម៉ាស ខិតប័ណ្ណ ចំនួន ៣០០សន្លឹក និងដាក់ ប៊ែនឺរ ធំចំនួន១ផ្ទាំងផងដែរ ៕