អភិបាលខេត្ត អញ្ជើញចូរួមវេទិកាស្តីពី ការគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ អាងទំនប់ និងដីចំណីប្រឡាយ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ និងការគ្រប់គ្រងសំណង់

 បាត់ដំបង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាស្តីពីស្តីពី ការគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ អាងទំនប់ និងដីចំណីប្រឡាយ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ និងការគ្រប់គ្រងសំណង់ ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ចំពោះអ្នកធ្វើអាជីវកម្មវិស័យអចលនទ្រព្យ មុននឹងចង់វិនិយោគលើអាជីវកម្មរបស់ខ្លួន ត្រូវសិក្សាឈ្វេងយល់ពីតំបន់នីមួយៗឱ្យបានច្បាស់លាស់ មុននឹងដាក់ទុនវិនិយោគចៀសវាងមានផលប៉ះពាល់ ។

ឯកឧត្តម បានបញ្ជាក់ថា ទោះជាយ៉ាងណាក្នុងនាមអាជ្ញាធរខេត្ត នឹងផ្ដល់លទ្ធភាព លើកទឹកចិត្តឱ្យមានការវិនិយោគផ្នែកអចលនាទ្រព្យក្នុងខេត្ត តាមរយៈការផ្ដល់ឯកសាររដ្ឋបាលដោយមានគណ នេយ្យ តម្លាភាព លឿនរហ័ស ប៉ុន្តែខាងម្ចាស់អាជីវកម្ម ក៏ត្រូវសិក្សាពីប្រព័ន្ធលូ បណ្ដាញអគ្គិសនី បណ្ដាញទឹក និងផ្លូវជាដើម ដោយអនុវត្តន៍ឱ្យត្រឹមត្រូវតាមកិច្ចសន្យា និងផ្នែកច្បាប់ ។

គួរបញ្ជាក់ថា កន្លងមកពាក់ព័ន្ធនឹងច្បាប់ស្វ័យភាពរបស់ខ្លួនដោយខុសច្បាប់នេះ ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ទោះបីរដ្ឋបាលខេត្តមិនមានសិទ្ធិបញ្ឈរជើង ឬបញ្ចប់ការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើខុសច្បាប់ ប៉ុន្តែខេត្តមានសិទ្ធិដាក់សំណើទៅលើ ឱ្យដកចេញបាន ហើយអភិបាលខេត្តប្រាប់ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន មិនត្រូវធ្វើខុសច្បាប់ជាដាច់ខាត ៕