រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ ផ្លូវជាតិលេខ៣ នឹងមានស្ពានអាកាសចំនួនពីរកន្លែង នៅទីតាំងផ្សារ សម្រាប់អ្នកដំណើរឆ្លងកាត់

ចេញផ្សាយ ថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2020

SLP.ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានអះអាងថា ផ្លូវជាតិលេខ៣ នឹងត្រូវបានសាងសង់ស្ពានអាកាសចំនួនពីរកន្លែង នៅ​ទីតាំង​ផ្សារសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ដើម្បីចៀងវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយ​​នឹងត្រូវរៀបចំធ្វើនាពេលឆាប់ៗខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ឯកឧត្ដមបានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ស្ពឺ  និង​អភិបាលខេត្ត​តាកែវ លើការសាងសង់ស្ពានអាកាសឆ្លងកាត់នៅកន្លែងផ្សាររួចហើយ។ ឯកឧត្តម​ទេសរដ្ឋ​មន្រ្ដីបានបញ្ជាក់ថា “យើងមិនអាចឱ្យគាត់ឆ្លងកាត់បានទេ ព្រោះថាមាន​ផ្លូវ​៤គន្លង អីញ្ចឹង​បើគាត់ឆ្លងកាត់វាអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ចំពោះគាត់។ យើង​បានសម្រេចហើយ និងកំពុងសាងសង់ស្អានអាកាសពីរកន្លែង គឺមួយនៅខេត្តតាកែវ និង​មួយទៀត​នៅខេត្ត​កំពង់ស្ពឺ”។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដថា ដោយមានសំណើពី​ឯកឧត្ដម​​អភិបាល​ខេត្ត​តាកែវលើកឡើងថា ដោយសារផ្លូវប្រសព្វមានទំហំតូចពេក ស្នើ​សុំ​ក្រុមហ៊ុនពង្រីកឱ្យបាន​៣០០ម៉ែត្រទាំងសងខាង ដើម្បីធ្វើយ៉ាងណា កុំឱ្យកកស្ទះចរាចរណ៍​នៅ​ពេលបត់រថយន្ត។   ទន្ទឹមនេះ ជាការឆ្លើយតបក្រុមហ៊ុនក៏បានយល់ព្រមចំពោះសំណើ​របស់អភិបាល​ខេត្ត​តាកែវ ​ផងដែរ។ ឯកឧត្ដមបានបន្ដទៀតថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍​ក្រសួង​សាធារណការ និងដឹកជញ្ជូនក៏បានធ្វើការបណ្តុះបណ្តាលដល់តៃកុង​រថយន្ត​ចំនួន១១វគ្គ ក្នុងនោះ អ្នកបើករថយន្តធន់ធ្ងន់ បាន៦០០នាក់ លើ៧០៦នាក់  និង​បានប្រឡងជាប់​៦៥៦​នាក់។

ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា ទោះបីជាមានការកកស្ទះ​ដោយ​សារជំងឺកូវីដ-១៩ ក៏ដោយក្រសួងមិនបានអូសបន្លាយរយៈពេលនោះទេ គឺបានធ្វើ ការ​បើកបង្រៀនអ្នកបើកបររថយន្ដតែម្តង ហើយនៅពាក់កណ្តាលខែនេះ នឹងបើកបង្រៀន​ចំនួន១៨០នាក់ទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕