អ្នកនាំពាក្យ ៖ អ្នកដែលល្មើសនឹងវិធានការចត្តាឡីស័ក នឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន

អ្នកនាំពាក្យ ៖ អ្នកដែលល្មើសនឹងវិធានការចត្តាឡីស័ក នឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា រាល់អ្នកដែលល្មើសនឹងវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល នឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន។ លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “សម្រាប់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ គឺចាំបាច់បំផុតត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឱ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ដែលរស់នៅ និងចូលមកកម្ពុជា។ ខ្ញុំសូមបញ្ជាក់ផងដែរថា  ប្រសិនបើមិនប្រតិបត្តិតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឱ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឫរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនា ឫអចេតនាក្តី នឹងត្រូវទទួលទោស ឫទទួលការផាកពិន័យ  ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា ដូចជាអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥  ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ជាដើម” ។ គួររម្លឹកថា ពេលថ្មីៗនេះ ស្ត្រីជនជាតិខ្មែរ-អាមេរិកម្នាក់ បានរត់គេចខ្លួនពីកន្លែងចត្តាឡីស័ក ហើយបានទៅពួនសម្ងំនៅសណ្ឋាគារមួយនៅខេត្តកំពង់ចាម និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះរកឃើញ ហើយក៏ចាប់ផ្តើមបន្តអនុវត្តវិធានការចត្តាឡីស័កនៅខេត្តកំពង់ចាមតែម្តង ហើយសំណាករបស់ស្រ្តីរូបនេះ ត្រូវបានក្រុមឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាល បានយកទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានជាតិប៉ាស្ទ័រ រួចរាល់ដែរ ដោយរង់ចាំតែលទ្ធផលប៉ុណ្ណោះ។ ចំពោះពាក់ព័ន្ធនឹងការផាកពិន័យ និងទទួលទោសបែបណាចំពោះស្ត្រីរូបនេះនៅពុំទាន់ទទួលបានការឆ្លើយតបនៅឡើយ។