ជនសង្ស័យ ធា សូត្រា និងប្រពន្ធឈ្មោះ អ៊ូ ម៉ាលាភ ដែលមានជំនាញដើរបោកលុយគេសរុបទឹកប្រាក់ជិត១លានដុល្លារត្រូវអស់លក្ខធ្លាក់ក្នុងដៃតុលាកាភ្នំពេញ

SLP ភ្នំពេញថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2020

ខណ្ឌសែនសុខ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធដែលមានជំនាញឆបោកយកលុយគេគ្រប់រូបភាពត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ តាមបង្គាប់របស់លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមសើបសួរ។

យោងតាមប្រភពពីជនរងគ្រោះបានឱ្យដឹងថាជនសង្ស័យ២នាក់ប្តីប្រពន្ធនេះគឺមានជំនាញបោកប្រាស់គ្រប់រូបភាពដែលកន្លងមកមានអ្នកខ្លះចាញ់បោកលោក ធា សូត្រា ដោយទិញប្រេនឆាយដែលល្បីនៅក្រៅប្រទេសដូចជា 7eleven។

អ្នកខ្លះទៀតចាញ់បោកដោយការលួងលោមបបួលរកសុីទិញលក់ផ្កាស្រស់ ខ្លះទៀតចាញ់បោកដោយ ត្រូវរង្វាន់ជាមួយក្រុមហ៊ុនផ្សេង និង ទិញរបស់របរ ទិញដីធ្លីខ្យល់ ដោយលុយទាំងនោះ សរុបទឹកប្រាក់ជិត១លានដុល្លារ ដែលជនសង្ស័យបានយកទៅចាយវាយ ហ៊ឺហារ ទិញឡាន ទិញផ្ទះ ជាដើម…។

ជនសង្ស័យទី១ ឈ្មោះ ធា សូត្រា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវបេតុង បុរីមហាសែនសុខ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

និងទី២ ឈ្មោះ អ៊ូ ម៉ាលាភ ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅជាមួយគ្នា ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានជំនាញនៃនាយកដ្ឋាននគរបាល បញ្ចូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមសើបសួរ សម្រេចដាក់ទោសទៅតាមនិតិវិធីច្បាប់៕