ឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីលានតេជោ នៅសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៤ ក្រុង/ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យទីលានតេជោ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាទីលានតេជោ ត្រូវពន្លឿនប្រមូល កាកសំណល់ចេញ និងលាងសម្អាតទីលានឱ្យបានស្អាត ព្រោះទីតាំងទីលានតេជោនេះ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងរៀបចំវេទិកាសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹក កខ្វក់ទី១ និងទី២ នៅដើមខែធ្នូ ឆ្នាំ២០២១ខាងមុខ។ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត អញ្ជើញបន្តដំណើរទៅពិនិត្យការជួសជុលកែលម្អរង្វាន់មូលតោពីរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ឱ្យមានសោភណភាព បរិស្ថានល្អ ដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ ក៏ដូចជាត្រៀមទទួលភ្ញៀវទេសចរឆ្លងឆ្នាំសកល នាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា ការស្ថាបនាទីលានតេជោ នៅតំបន់ពយតាមូងនេះ សម្រាប់ប្រារឰ ពិធីបុណ្យជាតិ និងអន្តរជាតិ ក៏ដូចកន្លែងកម្សាន្តថ្មីមួយទៀតក្នុងក្រុងព្រះសីហនុ ដែលប្រជា ពលរដ្ឋ និងភ្ញៀវទេសចរកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕ ដោយ ងូ សុមុនី