រដ្ឋមន្រ្ដីក្រសួងសាធារណការ ណែនាំឱ្យមន្ត្រី បន្តរឹតបន្ដឹងគុណភាពផ្លូវឱ្យបាន ហ្មត់ ចត់នៅក្នុងឆ្នាំ២០២២នេះ កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ណែនាំឱ្យមន្ត្រីក្រោមឱវាទបន្តរឹតបន្តឹងគុណភាព ផ្លូវឱ្យបានហ្មត់ចត់នៅក្នុងឆ្នាំ២០២២នេះ បណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានសមត្ថភាពអាចធ្វើការ ប្រកបដោយប្រសិទ្ធភាព បន្ត សាងសង់ ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើការឱ្យ មាន ប្រសិទ្ធភាព គុណភាព កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់។

ការណែ នាំ របស់ឯកឧត្ដមទេសរដ្ឋមន្ដ្រីនេះក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមប្រធានបទ៖ “ការ ធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការ គ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយ ផ្តោតលើបច្ចេកវិទ្យាទំនើប” នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញដល់មន្រ្ដីគ្រប់ផ្នែកទាំងអស់ ត្រូវខិត ខំផ្ដល់សេវាសាធារណៈឱ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋ តាមដានស្ថានីយថ្លឹងយានយន្ត ដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ និងទីតាំងកែច្នៃយានយន្តខុសលក្ខណៈ បច្ចេក ទេស ធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុធាតុ និងគ្រប់គ្រងការ ងារសាងសង់ផ្លូវស្ពានឱ្យមានគុណភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ឯកឧត្តម ទេស រដ្ឋមន្ត្រីបានលើកឡើងផងដែរអំពីទិសដៅការងារពង្រីកបន្ថែមយុទ្ធនាការរឹតបន្តឹងការពាក់ មួក សុវត្ថិភាព ទិវាជាតិសុវត្ថិភាពចរាចរណ៍ និងទិវាជាតិរម្លឹកដល់ជនរងគ្រោះដោយ គ្រោះ ថ្នាក់ចរាចរណ៍ បន្តជំរុញការគ្រប់គ្រងថែរក្សាដីចំណីថ្នល់ និងរៀបចំការគ្រប់គ្រងដីចំណី ថ្នល់តាមប្រព័ន្ធព័ត៌មានវិទ្យា ឬកម្មវិធីស្មាតហ្វូនApp បន្តចរចានិងជំរុញផ្នែកឯកជនលើការ វិនិយោគមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងក្រុងព្រះសីហនុ និងតំបន់សំខាន់ផ្សេងទៀត ពិសេសតំបន់ច្រកទ្វារព្រំដែន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទិសដៅការងារបន្តដែលរួមមាន៖ ការងារ បច្ចេកវិទ្យាព័ត៌មាន និងជំរុញការរៀបចំបដិវត្តន៍ឌីជីថលក្នុងវិស័យសាធារណការ ដឹក ជញ្ជូន និងភស្តុភារកម្ម ការសហការបង្កើតប្រព័ន្ធ Telegram សម្រាប់តាមដាន និងការ ចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់ ចរាចរណ៍ ការគ្រប់គ្រងការបើកបរលើស ល្បឿន កម្រិតកំណត់ ការចូលរួមអនុវត្តន៍ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី ការពង្រឹងគុណភាពមន្រ្តីការងារ ត្រួតពិនិត្យយានយន្ត លើសទម្ងន់កម្រិតកំណត់ និងត្រួតពិនិត្យយានដ្ឋានកែច្នៃនិងដំឡើងយានយន្ត ការជំរុញ ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ការអភិវឌ្ឍបណ្តុះបណ្តាលធនធាន មនុស្ស ការជំរុញបន្ថែមយុទ្ធនាការផ្សព្វផ្សាយនិងបណ្តុះបណ្តាលនៅតាមមន្ទីររាជធានី-ខេត្តនូវកម្មវិធីស្មាតហ្វូន App សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការជួសជុល និងថែទាំផ្លូវថ្នល់។

សូមជម្រាបជូនថា គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទដែល បាន ស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង ១៥ ០០០ គីឡូម៉ែត្រ ហើយបាន និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីក ពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន។ ដោយឡែកកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង។ រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿង រហូតដល់ ៥,២លាន គ្រឿង៕