លោក បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ចំនួន ៩ កន្លែងនៃឃុំចំនួន ៥ ក្នុងស្រុកស្រីសន្ធរ

ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានបេតុងចំនួន ៩ កន្លែងនៃឃុំចំនួន ៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នា ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ។

សមិទ្ធផលថ្មី បម្រើដល់ជីវភាព ប្រចាំថ្ងៃ របស់ប្រជាជន អ្នកស្រុកស្រីសន្ធរ និងការធ្វើដំណើរឆ្លងកាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលរួមមាន ៖ ស្ពានបេតុងថ្មីចំនួន ៩ កន្លែង ក្នុងឃុំចំនួន ៥ រួមមាន ៖ ឃុំផ្ទះកណ្តាល, ឃុំព្រែកដំបូក, ឃុំស្វាយខ្សាច់ភ្នំ, ឃុំឫស្សីស្រុក និងឃុំព្រែករំដេង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមហ៊ុន ប៉េង ហួត គ្រុប ។ ធ្លាប់ជាផ្លូវដីលំធម្មតាក្រោយឆ្នាំរំដោះ ១៩៧៩ សម្រាប់ថ្មើរជើង, កង់, រទះសេះ និងរទះគោ-ក្របីប៉ុណ្ណោះ ប៉ុន្តែពេលនេះបានក្លាយជាផ្លូវបេតុងថ្មី ស្រឡាង ដែលអាចពង្រីកសក្តានុពល នៃការធ្វើដំណើរប្រកបដោយភាពងាយស្រួលផង និងបម្រើដល់ការដឹកជញ្ជូន កសិផលទៅកាន់ទីផ្សារផង ។

លោកបណ្ឌិត បន្ថែមថា“មានផ្លូវ មានស្ពាន មានសង្ឃឹម” គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាគោល នយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស ។ ជាក់ស្តែងផ្លូវត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចយ៉ាង សំខាន់បំផុត ហើយជាកាតាលីករ នៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាម សេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយ ដើម្បីបម្រើដល់ចរន្ត នៃចលនាអភិវឌ្ឍជាតិ និងប្រជាជន ។ ជាសក្ខីកម្ម រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យ វែងឆ្ងាយ ក្នុងការតភ្ជាប់រាជធានី-ខេត្ត ឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំ ដោយមិនបាច់បកក្រោយ ពិសេសជាយន្តការ នៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកប ដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹង ភាពប្រកួតប្រជែង របស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែក ដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប សំដៅឈានទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោក ម៉ាណែត កត់សម្គាល់ថា ខេត្តកំពង់ចាម ជាខេត្តប្រកបដោយសក្កានុពលទាំងប្រជាជន និង វិស័យកសិកម្ម របស់ប្រទេសកម្ពុជា។ ជាមួយនឹង សក្តានុពល ដ៏សម្បូរបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរៀបចំនូវផែនការ យុទ្ធសាស្ត្រ និងចក្ខុវិស័យជាច្រើន សម្រាប់ក្របខ័ណ្ឌ ទូទាំងប្រទេស និយាយជារួម និងសម្រាប់ខេត្តកំពង់ចាមនិយាយ ដោយឡែក តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើដល់តម្រូវការ និងអាទិភាពផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងកសិកម្ម ។ ជាក់ស្តែងខេត្តកំពង់ចាមបាន និងកំពុងទទួលបាននូវសមិទ្ធផលផ្លូវបេតុងថ្មី ៩ កន្លែង ហើយក៏កំពុងត្រៀមទទួលបានផងដែរ ផ្លូវបេតុងថ្មីបន្ថែមទៀតស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើត សម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោក សូមថ្លែងអំណរគុណ ដល់ប្រជាជនទាំងអស់ និយាយជារួម និងអ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និយាយដោយឡែក ដែលបានជឿជាក់ ជឿទុកចិត្ត ហើយចូលរួមទទួលយក ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីសង្គ្រោះ និងការពារជីវិតពីជំងឺ ដ៏កាចសាហាវ រាតត្បាតជាសាកល និងសម្លាប់ជីវិតប្រជាជន រាប់លាននាក់នៅទូទាំងពិភពលោក និងជាង ៣ពាន់នាក់ផងដែរនៅកម្ពុជា ។ ការចេញទៅចាក់វ៉ាក់សាំងនេះ គឺជាបង្ហាញយ៉ាងច្បាស់ ពីការជឿជាក់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយហ៊ានផ្ញើជីវិត ហើយមានភាពប្រាកដច្បាស់ក្នុងចិត្តថា សម្តេចតេជោ គឺជាអ្នកសង្គ្រោះជីវិតប្រជាជន និងការពារជីវិត ប្រជាជនគ្រប់ពេលវេលា ។
ទិន្នន័យនៃការចាក់វ៉ាក់សាំង គឺជាទិន្នន័យបង្ហាញអំពីការជឿទុកចិត្ត និងការគាំទ្រចំពោះ សម្តេចតេជោ ហើយក៏ជាតថភាព ជាក់ស្តែងបង្ហាញច្បាស់ថា គណបក្សប្រជាជន កម្ពុជា អាចនឹងបន្តដឹកនាំយូរ ដោយសារការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាជន ។ ប្រជាជនបានផ្តល់នូវ យុត្តិធម៌ពិត សម្រាប់អ្នកធ្វើពិត ហើយជាអ្នកដែលដឹកនាំប្រទេស ប្រកបដោយធម៌ ដោយឈរលើបុព្វហេតុនៃការអភិវឌ្ឍ តាមរយៈការកំណត់គោលដៅ ធ្វើយ៉ាងណាឱ្យប្រជាជនមានបាន និងថ្កុំថ្កើងរុងរឿងទៅមុខ ជាលំដាប់ពីមួយថ្ងៃទៅមួយ ថ្ងៃគ្រប់ជំនាន់៕