អ្នកភូមិដំណាក់ចង្អើរ នាំគ្នាសម្រុកទៅដងប្រេង ខណៈរថភ្លើងដឹកប្រេង ធ្លាក់ផ្លូវធ្លាយស៊ីទែន!

អ្នកភូមិដំណាក់ចង្អើរ នាំគ្នាសម្រុកទៅដងប្រេង ខណៈរថភ្លើងដឹកប្រេង ធ្លាក់ផ្លូវធ្លាយស៊ីទែន!

ខេត្តកែប ៖អ្នកភូមិដំណាក់ចង្អើរ រាប់រយនាក់នាំគ្នាសម្រុកទៅដងប្រេង នៅចំណុចក្បែរផ្លូវដែករថភ្លើង ខណៈពេលដែលខ្សែរថភ្លើងដឹកប្រេងចេញពីខេត្តព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញធ្លាក់ផ្លូវ ធ្លាយស៊ីទែនប្រេងចំនួន២ទូ នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។

ខ្សែរថភ្លើងដឹកប្រេងចេញពីខេត្តព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញ លុះធ្វើដំណើរមកដល់ចំណុចចន្លោះគីឡូលេខ១៤៩-១៤៨ រថភ្លើងនោះក៏ដាច់ទូស៊ីទែនប្រេង បណ្ដាលឱ្យទង្គិចគ្នា ហើយធ្លាយស៊ីទែនប្រេងចំនួន២ទូ និងធ្លាក់កង់រថភ្លើងមួយផ្ទាំង បណ្ដាលឱ្យខ្ទាតចេញពីផ្លូវដែក និងបំណែករថភ្លើងជ្រុះរាយប៉ាយទៀតផង។

ដោយឡែកប្រេងដែលហូរចេញពីស៊ីទែនប្រេងនោះ មានចម្ងាយ២០០ម៉ែត្រ ធ្វើឱ្យរថភ្លើងរត់ទៅមុខលែងរួចតែម្ដង។

ទូរថភ្លើងចំនួន៤៧ទូ ត្រូវបានកាត់យកទៅរក្សាទុកនៅស្ថានីយកំពត និងយកទៅភ្នំពេញវិញហើយ។