ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមជនសង្ស័យចំនួន២៧នាក់ ពាក់ព័ន្ធក្រុមក្មេងទំនើង និងជនសង្ស័យទទួលផលចោរកម្មដកហូតម៉ូតូ១៣គ្រឿង

 

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន២៧នាក់ ដែលជាក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់កាប់អាវុធខុសច្បាប់មានរហស្សនាមដូចជា ធីម ភូមិ ធីម ប្លុកតាន់ និង ធីម ធីអឹម (ហៅធីម ធូបមូស) និងជនសង្ស័យទទួលផលចោរកម្មបន្ទាប់ពី សមត្ថកិច្ច នៅតាមបណ្តាខណ្ឌចំនួន៣ រួមមានខណ្ឌកំបូល, ខណ្ឌដូនពេញ និងខណ្ឌសែនសុខ ធ្វេីការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់។

 

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខសញ្ញាជនសង្ស័យសរុប២៧នាក់ ដែលសមត្ថកិច្ចតាមខណ្ឌ ធ្វើការបង្ក្រាប អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ជនសង្ស័យទាំងនោះបានប្រព្រឹត្តបទល្មើសរួមមាន៖ទី១-ករណីក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួនបានចំនួន២១នាក់ដកហូតកាំបិតកែច្នៃ០៦ដើមដែលបានកាប់យកស្លាកលេខម៉ូតូជនរងគ្រោះ។

 

ទី២-ពាក់ពន្ធទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ដកហូតបានម៉ូតូចំនួន ១៣គ្រឿង និងស្លាក់លេខម៉ូតូចំនួន ១៤បន្ទះ។

 

ទី៣-ជាក្រុមក្មេងទំនើង បង្កហិង្សាតាមសួនច្បារសាធារណៈ ត្រូវបានត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានចំនួន ៥នាក់ជាភេទទីបី (ប្រុសក្លែងភេទជាស្រី)។

 

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ការបង្រ្កាបក្មេងទំនើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា,ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានការណែនាំជាប្រចាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកបានប្តេជ្ញានិងដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព មិនតែប៉ុណ្ណោះក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងក៏មានការថយចុះ ខណៈកម្លាំងសមត្ថកិច្ចកំពុងបើកយុទ្ធនាការបង្រ្កាបក្មេងទំនើង ។ក្នុងកំឡុងនោះផងដែរ សមត្ថកិច្ចបានចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែលបង្ការទប់ស្កាត់បង្រ្កបក្មេងទំនើង ដើម្បីការពារថែរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ៕

=========

ដោយ: សេង ណាណូ