សមត្ថកិច្ចស្រុកទ្រាំងឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ករណីលួចមានស្ថានទំងន់ទោស និងទទួលផលចោរកម្ម

សមត្ថកិច្ចស្រុកទ្រាំងឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ករណីលួចមានស្ថានទំងន់ទោស និងទទួលផលចោរកម្ម

ខេត្តតាកែវ : ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានដឹកនាំជំនាញ និងកម្លាំងអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

 

នៅថ្ងៃព្រហស្បិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង១៧:៣០នាទី នៅចំណុចលើផ្លូវលំខាងជើងភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវមានករណីអំពើលួចមានស្ថានទម្ងន់ទោស(ស្ទាក់ប្លន់យកម៉ូតូមួយគ្រឿង)ម៉ាកហុងដាស្គូបពីពណ៍សសេរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ១AC ៨៣៣២ របស់ឈ្មោះភិន សុម៉ាលីន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រាំងធំ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មានមុខកម្មកររោងចក្រកាត់ដេរ។

 

ដោយនៅមុនពេលកើតជនរងគ្រោះឈ្មោះសិទ្ធិ សុខវិសាល ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើត របស់ឈ្មោះភិន សុម៉ាលីន បានជិះម៉ូតូដែលមានភិនភាគខាងលើតែម្នាក់ឯង មកដល់ចំណុចកើតហេតុខាងលើ ក៏មានជនស្ស័យជិះម៉ូតូមួយគ្រឿង ម៉ាងហុងC១២៥ ពណ៍ខ្មៅមានគ្នាពីរនាក់

១-ជនសង្ស័យឈ្មោះហង់ ខី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

២-ជនសង្ស័យឈ្មោះចយ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

 

ជនសង្ស័យទាំងពីរបានជិះម៉ូតូទៅស្ទាក់ពីមុខជនរងគ្រោះ ជនរងគ្រោះបានឈប់ម៉ូតូផ្ដួលចោលរត់យករួចខ្លួន ជនសង្ស័យឈ្មោះចយ បញ្ញា ហៅញ៉ា បានជិះម៉ូតូជនរងគ្រោះដែលប្លន់បានជិះម្នាក់មួយគ្រឿង មកដល់ផ្ទះជនសង្ស័យឈ្មោះឆិល ធីម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរកសិករ។

 

មកដល់ផ្ទះឈ្មោះ ឆិល ធីម ម៉ោងប្រហែល១៩:០០នាទី ជនសង្ស័យចយ បញ្ញា ហៅញ៉ា បានលក់ម៉ូតូដែលប្លន់បានឲ្យឈ្មោះ ឆិល ធីម ក្នុងតម្លៃ១.០០០.០០០៛(មួយលានរៀល)។ នៅពេលបានលុយជនសង្ស័យទាំងពីនាក់បានជិះម៉ូតូមួយគ្រឿងពីនាក់ទៅបាត់ ភ្លាមនោះឆិល ធីម បានដោះផ្លាកលេខម៉ូតូដែលទើបទិញបាននោះចេញពីម៉ូតូ រួចក៏ជិះម៉ូតូដែលទើបទិញចេញពីផ្ទះនៅលើផ្លូវលំក្នុងភូមិ ដោយម៉ូតូជាប់GPS សមត្ថិកិច្ចយើងបានតាប្រម៉ាញ់ភ្លាមៗក្រោយពេលកើតហេតុ លុះដល់ម៉ោង២២:00នាទី យើងឃាត់ខ្លួនឈ្មោះឆិល ធីម រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះ នៅលើផ្លូវលំក្នុងភូមិក្រាំងកណ្ដាល។ លុះដល់ថ្ងទី១២ វេលាម៉ោង៨:៣០នាទី ដោយបានការអនុញ្ញាត្តពីលោកស្រ៊ីវ គឹមសស្រស់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ យើងបានឆែកឆេរលំនៅដ្ឋានឈ្មោះឆិល ធី ភេទប្រុស អាយុ៥៩ឆ្នាំ មានមុខរបរទិញលក់ម៉ូតូ ត្រូវចាឪពុកបង្កើតឈ្មោះ ឆិល ធីម(នៅផ្ទះជាមួយគ្នា) រកឃើញស្លាកលេខម៉ូតូជនរងគ្រោះរួមទាំងឯកសារមួយចំនួនរបស់ជនរងគ្រោះដែលនៅក្នុងម៉ូតូ និងបានរកឃើញម៉ូតូពីរគ្រឿងទៀត ដែលពុំមានឯកសារ ១-ម៉ាកហុងដា C១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ១IB ៨៧០១ មានលេខម៉ាស៊ីន៦៦២៣៦៨៤ , ២-ម៉ាកហុងដា C១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ១W ៨១៨៥ មានលេខម៉ាស៊ីន៥៥៨៥០៥១។ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ឈ្មោះឆិល ធី បានទិញម៉ូតូពីបក្ខពួករបស់ ហង់ ខី ដែលប្លន់បានយកមកលក់អោយដល់ផ្ទះចំនួនបួនគ្រឿង ឆិល ធី លក់ចេញអស់ សល់តែពីរគ្រឿងនេះ។

 

ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង២:០០នាទី ផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆិល ធីម ដកហូតវត្ថុតាងបានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូបពី ដែលមានភិនភាគខាងលើ ។ លុះមកដល់ម៉ោង១៨:០០នាទី ថ្ងៃដដែលបន្ដឃាត់ខ្លួនជនសង្ស័យពីនាក់ទៀត ឈ្មោះ ឆិល ធី និងជនសង្ស័យឈ្មោះ ចយ បញ្ញា ហៅញ៉ា ដកហូតវត្ថុតាងបានម៉ូតូចំនួនពីរគ្រឿង ដែលមានភិនភាគខាងលើ ដើម្បី កសាងសំណុំរឿងតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូម៉ាកស្គូបពី ស្លាកលេខតាកែវ ១AC ៨៣៣២ ដោយបានការអនុញ្ញាត្តពីឯកឧត្ដមព្រះរាជអាជ្ញា ផ្នែកជំនាញបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ។

 

ផ្នែកជំនាញបានធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យឈ្មោះឆិល ធីម និងឈ្មោះចយ បញ្ញា ហៅញ៉ា លទ្ធផលវិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ។

 

សូមបញ្ជក់៖ សូមគោរពជម្រាបជូនដល់បងប្អូនណាដែលបានបាត់ម៉ូតូ និងផ្លាកលេខ ដូចដែលមានខាងក្រោមនេះ

១-ម៉ាងហុងដា C១២៤ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ មានលេខម៉ាស៊ីន៦៦២៣៦៨៤ (មានម៉ូតូតែគ្មានស្លាកលេខ)

២-ម៉ាកហុងដា C១២៤ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ មានលេខម៉ាស៊ីន៥៥៨៥០៥១(មានម៉ូតូតែគ្មានស្លាកលេខ)

៣-ស្លាកលេខភ្នំពេញ១IB ៨៧០១(មានស្លាកលេខតែគ្មានម៉ូតូ)

៤-ស្លាកលេខ តាកែវ ១W ៨១៨៥ (មានស្លាកលេខតែគ្មានម៉ូតូ)

សូមមេត្តាធ្វើការទំនាក់ទំនងមកអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីយកម៉ូតូទៅប្រើប្រាស់វិញ តាមរយៈប្រព័ន្ធលេខទូរស័ព្ច ០៧១ ៥៣៧ ៣៨៦៨ -០៩៧ ៧៤៧ ១៣១១ ។

សូមភ្ជាប់មកនូវឯកសារ៖ កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ។ ( សូមអគុណ)

 

ប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ

==============

ដោយ: សេង ណាណូ