ក្រុងព្យុងយ៉ាង៖ កូរ៉េខាងត្បូង និងអាមេរិក កំពុងត្រៀមរៀបចំ សង្គ្រាម ប្រឆាំងកូរ៉េខាងជេីង

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ចំពោះការធ្វើសហសមយុទ្ធយោធា កាលពីសប្ដាហ៍មុន ក្នុងដំណើរឆ្លើយតបទៅនឹងការបង្កើនសកម្មភាពហោះហើររបស់ប្រទេសកូរ៉េខាងជើង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាររបស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ការហាត់សមរបស់កងកម្លាំងចម្រុះ គឺកំពុងតែគាំទ្រដល់ការបង្កសង្គ្រាម ស្របពេលមានការផ្ទុះរាតត្បាតឆ្លងនៃវីរុសកូរ៉ូណា។

កាសែតកូរ៉េខាងជើងដដែលនេះបាននិយាយដូច្នេះថា “យោធាកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើសមយុទ្ធសង្គ្រាម ដូចជាការហ្វឹកហាត់ដែនអាកាសរួមគ្នា និងការហាត់សមទ័ពជើងគោករួមគ្នា ឈ្មោះ Pohang“ហើយការហ្វឹកហាត់រួមគ្នាទាំងនោះ មានប្រើទាំងយន្តហោះចម្បាំង F-15K និង KF-16 របស់ប្រទេសកូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកផងដែរ៕