រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំប្រចាំឆមាស ជាមួយអ្នកសារព័ត៌មានក្នុងខេត្ត

ចេញផ្សាយ ថ្ងៃទី 12 ខែ មិថុនាឆ្នាំ2020

កំពង់ធំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

នៅសាលប្រជុំសាលាខេត្តកំពង់ធំរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំរវាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកជាមួយអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ ដែលបានកំណត់ក្នុងរយៈពេលមួយត្រីមាស ឬឆមាសត្រូវជួបគ្នាម្ដងដោយលើកយកបញ្ហាប្រឈមនានាដាក់លើតុដើម្បីជជែកគ្នា។

កិច្ចប្រជុំស្ថិតក្រោមអធិបតីភាពឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកសារព័ត៌មានជាង ១០០នាក់។

ឯកឧត្តម សុក ហៃ បានកោតសរសើរចំពោះអ្នកសារព័ត៌មានដែលបានអនុវត្តន៍ត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឬច្បាប់ ប៉ុន្តែមានបងប្អូនសារព័ត៌មានមួយចំនួនតូចដែលអនុវត្តន៍វិជ្ជាជីវៈមិនបានត្រឹមត្រូវ។ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា បងប្អូនជាអ្នកសារព័ត៌មាន ដែលជាអ្នកជួយពាំនាំពាក្យពីរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានសំណូមពរថាហាមធ្វើម៉េចកុំមានលក្ខណៈនៃការញុះញ៉ុង ធ្វើម៉េចកុំធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារអំពើខ្លួនឯង ៕