ស្រុកគិរីវង់ : នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះមង្គលកេសរ ព្រះអនុគណស្រុកគិរីវង់ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រៃវែង ឃុំកំពែង ក្រោមអធិបតីភាពសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និង ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ។
ដោយមានការនិមន្តនិងអញ្ជើញចូលរួម ព្រះមេគណខេត្ត លោកអភិបាលរងខេត្ត ព្រះមន្ត្រីសង្ឃសាលាគណខេត្ត លោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអធិការរងនគរបាលស្រុក លោកប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យភ្នំ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនបញ្ញាវ័ន្ដក្មេងវត្ត យាយជី តាជី និងប្រជាពលរដ្ឋ សរុបប្រមាណ ១០៩៩អង្គ/នាក់ ។
វត្តព្រៃវែង ស្ថិតនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ មានចំងាយ ៥៧គ.ម ពីខេត្តតាកែវ ។ ហេតុតែនាំអោយហៅថា វត្តព្រៃវែង ព្រោះកន្លែងនេះកាលពីដើមមានព្រៃច្រើនខាងកើតវត្ត និងខាងត្បូងខាងលិច ភ្នំព័ទ្ធជុំវិញ ទើបព្រះគ្រូចៅអធិការវត្ត និងពុទ្ធបរិស័ទ បានដាក់ឈ្មោះវត្តព្រៃវែងជាប់រហូតមកដល់សព្វថ្ងៃ ។
ចាប់ពីឆ្នាំ២០០១ មកដល់បច្ចុប្បន្នវត្តព្រៃវែង ដឹកនាំដោយព្រះមង្គលកេសរ អ៊ួច សារ៉ាន់ អនុគណ គណៈមហានិកាយ និងជាព្រះគ្រូចៅអធិការវត្ត ដោយមានការកសាងសមិទ្ធិផលនានាជាច្រើនមានភាពរីកចំរើន ។