ភ្នំពេញ : នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧ នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។
សូមជម្រាបជូនថា មរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់ ស្វាមី ឪពុក និងជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុលបុត្រស្នេហាជាតិ មាតុភូមិដ៏ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។